ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១–
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ណែនាំឱ្យអភិបាលរាជធានី ខេត្តយក ចិត្តទុកដាក់លើការងាររំលោភចិញ្ចើមថ្នល់ឱ្យបានត្រឹមត្រូវបំផុត។ ការណែនាំរបស់សម្ដេចក្រឡាហោមបែបនេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតី ពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការ ងារឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៤ ខែកម្ភ: ឆ្នាំ២០២១។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ការអនុវត្តវិធានការទប់ស្កាត់ការរំលោភចិញ្ចើមថ្នល់មិនមែនជាការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋនោះទេ។ សម្តេចក្រឡាហោមបានលើកជាឧទាហរណ៍មកពន្យល់ថា ការស្ថាបនាផ្លូវជាតិលេខ៥ កន្លែងខ្លះត្រូវធ្វើវៀងផ្លូវចាស់ ដោយសារតែអាជ្ញាធរបណ្ដែតបណ្ដោយឱ្យពលរដ្ឋសង់សំណង់លើចិញ្ចើមថ្នល់ ធ្វើឱ្យមានភាពស្មុគស្មាញក្នុងការដោះស្រាយនៅពេលចាប់ផ្ដើមអនុវត្តន៍គម្រោង។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ សម្ដេចក្រឡាហោមបានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តន៍ច្បាប់ចរាចរណ៍ធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ មានការថយចុះគួរឱ្យកត់សម្គាល់។ សម្ដេចក្រឡាហោមបានរម្លឹកថាដោយសារឆ្នាំ២០១៩ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្លាំង ទើបនៅឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ផែនការរឹតបន្តឹងការអនុវត្តច្បាប់ ហើយការងារនេះក៏ទទួលការរិះគន់ពីមជ្ឈដ្ឋានខ្លះថារាជរដ្ឋាភិបាលដាក់បន្ទុកលើប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារវិបត្តិកូវីដ-១៩ រហូតទីបំផុតលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ បានធ្វើឱ្យមជ្ឈដ្ឋានរិះគន់យល់ជ្រួតជ្រាបពីសេចក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោមបានហៅលទ្ធផលនៃការថយចុះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ថាជាមោទនភាពមួយ ត្បិតផែនការឆ្នាំ២០២០ បានផ្ដល់លទ្ធផលគួរឱ្យកត់សម្គាល់។
សម្ដេចក្រឡាហោមបានបន្ថែមថា សម្ដេចចង់ឱ្យអត្រាអ្នកស្លាប់ប្រចាំថ្ងៃមានការថយចុះតិចជាងអត្រា៤ ឬ៥នាក់ ប៉ុន្តែកិច្ចការនេះអាចមានការលំបាក។ យ៉ាងណាក៏ដោយសម្ដេចក្រឡាហោមបានដាក់ក្ដីរំពឹងថានៅឆ្នាំ២០២១នេះ គ្រប់ភាគី នឹងរួមគ្នាកាត់បន្ថយអត្រាអ្នកស្លាប់ប្រចាំថ្ងៃមកត្រឹម០៤នាក់៕ដោយ ចាន់ សុធីវង្ស, ផ្សាយដោយ៖ កន ចំណាន


No comments: