SLIDE1

ads header

ហ្វីលីពីន៖ ស្ត្រី៩នាក់ដែលគេសង្ស័យថា ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ត្រូវបានអាជ្ញាធរចាប់ខ្លួននៅភាគខាងត្បូងប្រទេស

(ម៉ានីល)៖ កងកម្លាំងសន្តិសុខហ្វីលីពីននៅថ្ងៃអង្គារនេះ បានអះអាងពីការបានចាប់ខ្លួនស្ត្រី ០៩នាក់ដែលត្រូវបានគេសង្ស័យថា ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងខេត្តស៊ូលូ (Sulu) ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៃបញ្ជាការដ្ឋាន Mindanao ភាគខាងប្រទេសហ្វីលីពីន លោក Corleto Vinluan បានគូសបញ្ជាក់ថា ក្រុមកងទ័ព និងក្រុមប៉ូលីសបានចាប់ខ្លួនស្រ្តី ០៩នាក់ដែលត្រូវបានគេសង្ស័យថាជា «អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលមានសក្តានុពល» ក្នុងកំឡុងពេលប្រតិបត្តិការដំណាលគ្នានៅព្រឹកព្រលឹមថ្ងៃសុក្រសប្តាហ៍មុន នៅកទីប្រជុំជន Patikul និង Jolo នៃខេត្ត Sulu។ ក្នុងចំណោមជនសង្ស័យខាងលើ រួមមានបងប្អូនស្រី និងកូនស្រី ០៣នាក់របស់មេដឹកនាំកំពូលនៃក្រុមឧទ្ទាម អាប៊ូ សាយ៉ាហ្វ (Abu Sayyaf) លោក Hatib Hajan Sawadjaan ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពកាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។ Sawadjaan ត្រូវបានគេចោទប្រកាន់ថា ជាមេក្លោងធំបំផុតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននៅក្នុងខេត្តដាច់ស្រយាល។ គួរបញ្ជាក់ថា ជាមួយការចាប់ខ្លួនជនសង្ស័យខាងលើនេះ ក្រុមកងទ័ព បានរឹបអូសគ្រឿងបន្លាស់គ្រឿងផ្ទុះកែច្នៃមួយចំនួនផងដែរ ខណៈដែលជនសង្ស័យទាំងនោះ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់៕

No comments: